ក្លឹបវិសាខាដកខ្លួនពីការប្រកួត ហ៊ុន សែន ខាប់និងលីគកំពូលស្របពេលអស់ឱកាស

 

ក្លិបកីឡាបាល់ទាត់ វិសាខា នៅល្ងាចថ្ងៃទទី ០៨ មីនា ឆ្នាំ២០២៤ បានប្រកាសដកខ្លួនចេញពីគ្រប់ការប្រកួតទាំងអស់នៃក្របខណ្ឌការប្រកួតពានរង្វាន់ធំៗចំនួន២ រួមមាន ការប្រកួតលីគកំពូល ខេមបូឌាន ព្រីមៀរលីគ និងពានរង្វាន់សម្តេច ហ៊ុន សែន ក្នុងរដូវកាល២០២៣-២០២៤នេះ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លឹបលើទំព័រហ្វេសប៊ុកផ្លូវការ។ វិសាខា មិនបានបញ្ជាក់ពីមូលហេតុនៃការដកខ្លួនក្នុងសេចក្ដីប្រកាសនោះទេ ប៉ុន្តែការសម្រេចដកខ្លួននេះ ធ្វើឡើងចួនចំពេលមានភាពចម្រូងចម្រាស និងតវ៉ាពីភាគីវិសាខា លើការកាត់ក្ដីរបស់អាជ្ញាកណ្ដាល អំឡុងប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ កាលពីថ្ងៃពុធកន្លងទៅ ជាមួយនឹងក្រុមភ្នំពេញក្រោន ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ២ទល់នឹង២។

គួរបញ្ជាក់ថា វិសាខា អស់ឱកាសក្នុងការដណ្តើមពានលីគកំពូលហើយ ប៉ុន្តែនៅសល់ឱកាសក្នុងពានសម្តេច ហ៊ុន សែន ដែលនឹងត្រូវប្រកួតជើងទី២ នៅថ្ងៃទី១០ ខែមេសានៅទឹកដីរបស់ភ្នំពេញក្រោនវិញម្ដង។

ក្រោយការដើរចេញពីការប្រកួតដែលនៅសេសសល់នេះ គេមិនទាន់ដឹងទេថាកាលវិភាគប្រកួតនឹងទៅជាយ៉ាងណា ខណៈភាគីក្រុមហ៊ុនលីគកំពូលមិនទាន់ចេញប្រតិកម្មផ្លូវការណាមួយឡើង និងសូម្បីតែគណៈកម្មការរៀបចំការប្រកួតសម្តេចពានរង្វាន់ ហ៊ុន សែន ក៏មិនទាន់មានការប្រកាសឆ្លើយតបឬ ចាត់វិធានការដាក់ពិន័យលើវិសាខា​យ៉ាងណាដែរ ចំពោះការដើរចេញភ្លាមៗបែបនេះ។ នេះបើគិត្រឹមក្រោយពេលការប្រកាសភ្លាមៗរបស់វិសាខា។

គួរជម្រាបថាចុងសប្តាហ៍នេះ វិសាខាគ្រោងបើកទ្វារផ្ទះទទួលភ្ញៀវព្រះខ័នរាជស្វាយរៀង ប៉ុន្តែខ្លួនគ្រាន់តែត្រូវប្រកួតកំដររោងប៉ុន្តែអស់ឱកាសប្រជែងពានហើយ ដោយសារដាច់ពិន្ទុឆ្ងាយពីក្រុមកំពូលតារាងស្វាយរៀង និងក្រុមលេខ២ ភ្នំពេញក្រោន។

ដំណើរការប្រជែងពានលីគកំពូលនាពេលនេះ គឺនៅមានតែស្វាយរៀង និងភ្នំពេញក្រោនប៉ុណ្ណោះ ប៉ុន្តែការកំណត់ និងកាលវិភាគបន្ទាប់ពីការចាកចេញរបស់​វិសាខា យ៉ាងណានោះយើងមិនទាន់ដឹងនៅឡើយទេ រង់ចាំការប្រកាសរបស់ក្រុមហ៊ុនលីគកំពូល៕ អានពត៌មានប្រចាំថ្ងៃ

Comments